ព្រះត្រៃបិដក ភាគ ៣៨
[៤៦៦] កាលបើភិក្ខុចំរើនឥទ្ធិបាទ ទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) ក៏អាចកំណត់ដឹង នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃដោយចិត្ត (របស់ខ្លួន)បាន គឺចិត្ត (របស់សត្វដទៃ) ដែលប្រកបដោយរាគៈក្តី ក៏កំណត់ដឹងថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកទោសៈ ចិត្តដែលប្រកបដោយមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែលប្រាសចាកមោហៈក្តី ក៏ស្គាល់ថា ចិត្តប្រាសចាកមោហៈ ចិត្តដែលរួញក្តី ក៏ស្គាល់ថា ចិត្តរួញ ចិត្តដែលរាយមាយក្តី ក៏ស្គាល់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈក្តី ក៏ស្គាល់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែនជាមហគ្គតៈក្តី ក៏ស្គាល់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺលោកិយចិត្តក្តី ក៏ស្គាល់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី ក៏ស្គាល់ថា ចិត្តជាអនុត្តរៈ ចិត្តដែលតាំងមាំក្តី ក៏ស្គាល់ថា ចិត្តតាំងមាំ ចិត្ដដែលមិនតាំងមាំក្តី ក៏ស្គាល់ថា ចិត្តមិនតាំងមាំ ចិត្តដែលរួចស្រឡះ (ចាកកិលេសាសវៈ) ក្តី ក៏ស្គាល់ថា ចិត្តរួចស្រឡះ ចិត្តដែលមិនរួចស្រឡះក្តី ក៏ស្គាល់ថា ចិត្តមិនរួចស្រឡះ។
ID: 636852638545702195
ទៅកាន់ទំព័រ៖