ព្រះត្រៃបិដក ភាគ ៣៨
[៤៦៧] កាលបើភិក្ខុចំរើនឥទ្ធិបាទទាំង ៤ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) រមែងរលឹកឃើញ បុព្វេនិវាស មានប្រការច្រើន។ បុព្វេនិវាស ដូចម្តេច។ គឺរលឹកឃើញ ១ ជាតិខ្លះ ២ ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ ជាតិខ្លះ ១០ ជាតិខ្លះ ២០ ជាតិខ្លះ ៣០ ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ ជាតិខ្លះ ១ ពាន់ជាតិខ្លះ ១ សែនជាតិខ្លះ (រហូតដល់) ច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បខ្លះថា អញបានកើតក្នុងទីឯនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ក៏ទៅកើតក្នុងទីឯនោះ ក្នុងទីនោះឯង អាត្មាអញ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ សោយសុខទុក្ខយ៉ាងនេះ មានកំណត់អាយុយ៉ាងនេះ លុះអាត្មាអញនោះ ច្យុតអំពីទីនោះហើយ ទើបមកកើតក្នុងទីនេះទៀត រលឹកឃើញ នូវបុព្វេនិវាស មានប្រការច្រើន ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រកូល ដោយ ប្រការដូច្នេះ។
ID: 636852638726912560
ទៅកាន់ទំព័រ៖