ព្រះត្រៃបិដក ភាគ ៣៨
[៤៧១] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ រមែងបាននូវឥទ្ធិវិធៈ មានប្រការច្រើន គឺភិក្ខុតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ ក៏បាន។បេ។ ហោះទៅទាំងអំណាចខ្លួន រហូតដល់ព្រហ្មលោកក៏បាន។
[៤៧២] ម្នាលភិក្ខុទាំងឡាយ ឥទ្ធិបាទ ៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយ ៗ យ៉ាងនេះហើយ ភិក្ខុ (នោះ) បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្ត ដែល មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមខ្លួនឯង ក្នុងអត្តភាព ដ៏ជាក់ ស្តែង។
[៤៧៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុអាស្រ័យឆន្ទៈហើយ បាននូវសមាធិ បាននូវ ភាពនៃចិត្ត មានអារម្មណ៍តែមួយ។ នេះហៅថា ឆន្ទសមាធិ។ ភិក្ខុនោះញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តឡើង តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន។
ID: 636852639600012499
ទៅកាន់ទំព័រ៖