ព្រះត្រៃបិដក ភាគ ៣៨
[៤] ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺ សតិប្បដ្ឋាន ទាំង ៤ នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបានសម្រេច នូវការត្រាស់ដឹង (អរិយមគ្គ ប្រកបដោយអង្គ ៨ ) ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវពុទ្ធភាសិតនេះ។ ភិក្ខុទាំងនោះ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។
[៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី ជាអ្នកដឹងខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។
ID: 636852234430008100
ទៅកាន់ទំព័រ៖