ព្រះត្រៃបិដក ភាគ ៣៨
[៤៩២] ម្នាលព្រាហ្មណ៍ អ្នកសម្គាល់ហេតុនោះដូចម្តេច កាលបើហេតុយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មានឬទេ។ បពិត្រព្រះអានន្ទដ៏ចំរើន ពិតមែនហើយ បើយ៉ាងនេះ វត្ថុដែលមាន នៅតែមាន វត្ថុដែលគ្មាន នៅតែគ្មាន បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ដូចគេផ្ងាររបស់ដែលផ្កាប់ ឬបើករបស់ដែលកំបាំង ពុំនោះ ដូចគេបា្រប់ផ្លូវ ដល់មនុស្សវង្វេង ឬដូចគេទ្រោលប្រទីប ក្នុងទីងងឹត ឲ្យអ្នកមានចក្ខុ មើលឃើញរូបបាន។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោកសំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង។ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា សូមដល់ព្រះគោតមដ៏ចំរើននោះផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ សូមព្រះអានន្ទដ៏ចំរើន ចាំទុកនូវខ្ញុំព្រះករុណា ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិតតាំងពីថ្ងៃនេះទៅ។
ID: 636852647570378377
ទៅកាន់ទំព័រ៖