ព្រះត្រៃបិដក ភាគ ៣៨
ក៏បាន។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ក៏បានពួកសមណៈ ឬព្រាហ្មណ៍ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ព្រោះតែសមណព្រាហ្មណ៍ទាំងអស់នោះ បានចំរើន ធ្វើឲ្យច្រើននូវឥទ្ធិបាទ ៤ នេះឯង។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ព្រោះតែបានចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤។ ឥទ្ធិបាទ ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ១។ វិរិយសមាធិ ១។ ចិត្តសមាធិ ១។ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១។
ID: 636852649183690654
ទៅកាន់ទំព័រ៖