ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តមខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះដែរ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវឫទ្ធិផង នូវឥទ្ធិបាទផង នូវការចំរើនឥទ្ធិបាទផង នូវបដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះឫទ្ធិដូចម្តេច។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺធ្វើមនុស្សម្នាក់ ឲ្យទៅជាមនុស្សច្រើននាក់ក៏បាន ធ្វើមនុស្សច្រើននាក់ ឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាឫទ្ធិ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ បានស៊ប់នូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ឥទ្ធិបាទ។
ID: 636852649402533171
ទៅកាន់ទំព័រ៖