ព្រះត្រៃបិដក ភាគ ៣៨
[៥១០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្តប្រកបដោយពន្លឺ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាបុគ្គលមានអាលោកសញ្ញាកាន់យកល្អ មានទិវាសញ្ញាអធិដ្ឋានដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចិត្តស្វាង ឥតមានកិលេសរួបរឹត ចំរើនចិត្ត ប្រកបដោយពន្លឺ យ៉ាងនេះឯង។
[៥១១] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលធូរថយខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយកោសជ្ជៈ សម្បយុត្តដោយកោសជ្ជៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែលធូរថយខ្លាំងពេក ។
[៥១២] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលផ្គងគំហុកខ្លាំងពេក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយឧទ្ធច្ចៈ សម្បយុត្តដោយឧទ្ធច្ចៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែលផ្គងគំហុកខ្លាំងពេក។
[៥១៣] ម្នាលភិក្ខុទាំងឡាយ ចុះព្យាយាមដែលរួញលឹបនៅខាងក្នុង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្យាយាមឯណា ប្រកបដោយថីនមិទ្ធៈ សម្បយុត្តដោយថីនមិទ្ធៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្យាយាមដែលរួញលឹបនៅខាងក្នុង។
ID: 636852651353394754
ទៅកាន់ទំព័រ៖