ព្រះត្រៃបិដក ភាគ ៣៨
តថាគត មានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកពោលអាង ចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ ដោយពិតនោះ តថាគត គួរប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយទុក។ ម្នាលអានន្ទ តថាគត មិនដែលមានសេចក្តីត្រិះរិះ យ៉ាងនេះថា តថាគត នឹងរក្សាភិក្ខុសង្ឃ ដូច្នេះក្តី ថាភិក្ខុសង្ឃ ជាអ្នកពោលអាងចំពោះតថាគត ដូច្នេះក្តី។ ម្នាលអានន្ទ តថាគត នឹងប្រារព្ធភិក្ខុសង្ឃ ហើយសំដែងឱវាទណាមួយធ្វើអ្វី។ ម្នាលអានន្ទ ក្នុងកាលឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយ ដោយលំដាប់ មានអាយុ ៨០ ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលអានន្ទ ដូចរទេះចាស់ ដែលបរទៅបានដោយរណបឫស្សី យ៉ាងណាមិញ ម្នាលអានន្ទ កាយរបស់តថាគត នៅប្រព្រឹត្តទៅបាន ដូចជារណបឫស្សី ដូច្នោះដែរ។
ID: 636852240119553523
ទៅកាន់ទំព័រ៖