ព្រះត្រៃបិដក ភាគ ៣៨
[៥៣១] ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយព្រះកាយ ដែលសម្រេចតាមព្រះទ័យដែរឬ ទើបជ្រាបច្បាស់នូវព្រហ្មលោក។ ម្នាលអានន្ទ តថាគត ធ្លាប់ចូលទៅកាន់ព្រហ្មលោក ដោយឫទ្ធិ ដោយកាយ ដែលសម្រេចតាមចិត្តមែន ទើបដឹងច្បាស់ នូវព្រហ្មលោក។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះដ៏មានព្រះភាគ ធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយព្រះកាយ ដែលប្រកបដោយមហាភូតរូប ៤ នេះឬ ទើបជ្រាបច្បាស់ នូវព្រហ្មលោក។ ម្នាលអានន្ទ តថាគត ធ្លាប់ចូលទៅកាន់ព្រហ្មលោកដោយឫទ្ធិ ដោយកាយដែលប្រកបដោយមហាភូតរូប ៤ នេះឯង ទើបដឹងច្បាស់ នូវព្រហ្មលោក។
ID: 636852653449064619
ទៅកាន់ទំព័រ៖