ព្រះត្រៃបិដក ភាគ ៣៨
[៥៣៤] ម្នាលអានន្ទ ដុំដែកដែលក្តៅសព្វ អស់មួយថ្ងៃ ជាដុំដែកស្រាល ដោយវិសេសផង ទន់ដោយវិសេសផង គួរដល់ការងារ ដោយវិសេសផង មានពន្លឺផ្លេក ៗ ដោយវិសេសផង ដូចម្តេចមិញ។ ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត ស្រាលដោយវិសេសផង ទន់ដោយវិសេសផង គួរដល់ការងារ ដោយវិសេសផង មានពន្លឺផ្លេក ៗ ដោយវិសេសផង ក៏ដូច្នោះឯង។
[៥៣៥] ម្នាលអានន្ទ សម័យណា តថាគត ដំកល់កាយក្នុងចិត្តផង ដំកល់ចិត្តក្នុងកាយផង ស្ទង់ចុះនូវសុខសញ្ញា និងលហុសញ្ញាក្នុងកាយ ម្នាលអានន្ទ សម័យនោះ កាយរបស់តថាគត អណ្តែតអំពីផែនដី ទៅកាន់អាកាស ដោយឥតលំបាកសោះ។ តថាគតនោះ តែងបានសម្រេចនូវឥទ្ធិវិធៈច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។
ID: 636852653875439006
ទៅកាន់ទំព័រ៖