ព្រះត្រៃបិដក ភាគ ៣៨
នឹងជាអន្តរាបនិព្វាយី ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ឬជាឧទ្ធំសោតអកនិដ្ឋគាមីមិនខាន ព្រោះអស់ទៅ នៃសញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ ម្នាលភិក្ខុទាំងឡាយ ផល ៧ ប្រការ អានិសង្ស ៧ ប្រការនេះ រមែងកើតប្រាកដ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។
[៥៤៤] សាវត្ថីនិទាន។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដូចម្តេចហៅថា ឥទ្ធិ (ឫទ្ធិ) ដូចម្តេច ហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។
ID: 636852655037605478
ទៅកាន់ទំព័រ៖