ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៤៨​]​ ​ម្នាល​អានន្ទ​ ​ចុះ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​ ​តើ​ដូចម្តេច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សម្មាទិដ្ឋិ​ ​១​។​បេ​។​ ​សម្មាសមាធិ​ ​១​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​។​
 [​៥៤៩​]​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ដូចម្តេច​ហៅថា​ ​ឥទ្ធិ​ ​ដូចម្តេច​ហៅថា​ ​ឥទ្ធិបាទ​ ​ដូចម្តេច​ហៅថា​ ​ការ​ចំរើន​ឥទ្ធិបាទ​ ​ដូចម្តេច​ហៅថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ការ​ចំរើន​ឥទ្ធិបាទ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ទាំងឡាយ​ ​របស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​មូល​ ​មាន​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អ្នកណែនាំ​។​បេ​។​ ​
 [​៥៥០​]​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានសម្រេច​នូវ​ឥទ្ធិ​វិ​ធៈ​ ​(​ការសំដែង​ឫទ្ធិ​)​ ​ច្រើនប្រការ​ ​គឺ​មនុស្សម្នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្ស​ច្រើន​នាក់​ក៏បាន​ ​មនុស្ស​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​។​បេ​។​ ​ធ្វើ​អំណាច​ ​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​កាយ​ ​ដរាបដល់​ព្រហ្មលោក​ក៏បាន​។​ ​ម្នាល​អានន្ទ​ ​នេះ​ហៅថា​ ​ឥទ្ធិ​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់
ID: 636852655522683223
ទៅកាន់ទំព័រ៖