ព្រះត្រៃបិដក ភាគ ៣៨
[៥៥៧] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើនឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការចំរើនឥទ្ធិបាទ។
[៥៥៨] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។
[៥៥៩] គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូចម្តេចហៅថា ឥទ្ធិ ដូចម្តេចហៅថា ឥទ្ធិបាទ ដូចម្តេចហៅថា ការចំរើនឥទ្ធិបាទ ដូចម្តេចហៅថា បដិបទា ជាដំណើរទៅកាន់ការចំរើនឥទ្ធិបាទ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគជាមូល មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ។បេ។
ID: 636852656365921454
ទៅកាន់ទំព័រ៖