ព្រះត្រៃបិដក ភាគ ៣៨
[៥៦០] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិ។
[៥៦១] ម្នាលភិក្ខុទាំងឡាយ ចុះឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្តទៅ ដើម្បីបាននូវឫទ្ធិ ដើម្បីបានចំពោះនូវឫទ្ធិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឥទ្ធិបាទ។
[៥៦២] ម្នាលភិក្ខុទាំងឡាយ ចុះការចំរើននូវឥទ្ធិបាទ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ។ វិរិយសមាធិ។ ចិត្តសមាធិ។ ចំរើនឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការចំរើនឥទ្ធិបាទ។
ID: 636852656749913417
ទៅកាន់ទំព័រ៖