ព្រះត្រៃបិដក ភាគ ៣៨
[៥៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត មោគ្គល្លានភិក្ខុ បានសម្រេចនូវឥទ្ធិវិធៈ (ការសំដែងឫទ្ធិ) ច្រើនប្រការយ៉ាងនេះ គឺមនុស្សម្នាក់ ធ្វើឲ្យទៅជាមនុស្សច្រើននាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោក ក៏បាន ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។
[៥៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត មោគ្គល្លានភិក្ខុ បានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវឥទ្ធិបាទ ៤ នេះឯង។
[៥៦៨] ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់សេចក្តីនោះ ដូចម្តេច ព្រះតថាគត មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវធម៌ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះដ៏មានព្រះភាគ ជាមូល។បេ។
ID: 636852657535778366
ទៅកាន់ទំព័រ៖