ព្រះត្រៃបិដក ភាគ ៣៨
កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ខ្ញុំបានសម្រេច អភិញ្ញាដ៏ធំ ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ខ្ញុំបានដឹងច្បាស់ នូវធម៌ថោកទាប តាមសភាពថោកទាប ដឹងច្បាស់ នូវធម៌យ៉ាងកណ្តាល តាមសភាពយ៉ាងកណ្តាល ដឹងច្បាស់ នូវធម៌ដ៏ឧត្តម តាមសភាពដ៏ឧត្តម ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ នេះដែរ។
[៥៩៥] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុផង ព្រះសារីបុត្តដ៏មានអាយុផង ព្រះមហាមោគ្គល្លានដ៏មានអាយុផង គង់នៅក្នុងកណ្តកីវន (ព្រៃញាតស្បាតដោយបន្លា) ទៀបក្រុងសាកេត។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ ក៏ពោលពាក្យរាក់ទាក់ ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររាក់ទាក់ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយនៅក្នុងទីសមគួរហើយ បានសួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ អនុរុទ្ធ ពួកធម៌ដូចម្តេច ដែលភិក្ខុជាសេក្ខៈ គួរសម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។
ID: 636852661682635552
ទៅកាន់ទំព័រ៖