ព្រះត្រៃបិដក ភាគ ៣៨
[៥៩៨] ម្នាលអាវុសោសារីបុត្ត សតិប្បដ្ឋាន ៤ ភិក្ខុជាអសេក្ខៈ គួរសម្រេចសម្រាន្តនៅ គ្រប់ឥរិយាបថ ទាំង ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ ក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោសារីបុត្ត សតិប្បដ្ឋាន ៤ នេះ ភិក្ខុជាអសេក្ខៈ គួរសម្រេចសម្រាន្តនៅ គ្រប់ ឥរិយាបថ ទាំង ៤។
[៥៩៩] សាកេតនិទាន។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ព្រះអនុរុទ្ធដ៏មានអាយុ បានសម្រេចនូវអភិញ្ញាដ៏ធំ ព្រោះចំរើន ធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដូចម្តេចខ្លះ។
ID: 636852662217836164
ទៅកាន់ទំព័រ៖