ព្រះត្រៃបិដក ភាគ ៣៨
គេមិនងាយធ្វើឲ្យមានទំនាបទៅខាងលិច ឲ្យមានជម្រាលទៅខាងលិច ឲ្យឈមទៅខាងលិចវិញបានទេ ឯពួកមហាជននោះ គ្រាន់តែបានចំណែកសេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណោះ យ៉ាងណាមិញ។ ម្នាលអាវុសោ ព្រះរាជាក្តី មហាមាត្យ របស់ព្រះរាជាក្តី មិត្តក្តី អមាត្យក្តី ញាតិក្តី សាលោហិតក្តី នាំភោគៈទាំងឡាយ មកបវារណាភិក្ខុ ដែលកំពុងចំរើនសតិប្បដ្ឋាន ទាំង ៤ កំពុងធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ ថា ម្នាលបុរសដ៏ចំរើន ចូរអ្នកមកអាយ សំពត់កាសាវៈទាំងនេះ សម្រេចប្រយោជន៍អ្វីដល់អ្នក អ្នកជាមនុស្សត្រងោល កាន់អំបែង ត្រាច់សុំគេ ប្រយោជន៍អ្វី អ្នកចូរវិលត្រឡប់ មករកភេទថោកទាប ចូរប្រើប្រាស់ភោគៈទាំងឡាយផង ចូរធ្វើបុណ្យទាំងឡាយផង។ ម្នាលអាវុសោ ភិក្ខុដែលកំពុងចំរើនសតិប្បដ្ឋាន ៤ កំពុងធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នោះ នឹងពោលលាសិក្ខា ត្រឡប់មករកភេទថោកទាបវិញ ដូច្នោះ ហេតុនុ៎ះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ដ្បិតថា ចិត្ត (របស់លោក) មានទំនាបទៅរកសេចក្តីស្ងប់ស្ងាត់ មានជម្រាលទៅរកសេចក្តីស្ងប់ស្ងាត់ ឈមទៅរកសេចក្តីស្ងប់ស្ងាត់ អស់កាលយូរអង្វែងមកហើយ នឹងឲ្យ (លោក) ត្រឡប់ទៅរកភេទថោកទាប ដូច្នោះ ហេតុនុ៎ះ រមែងមិនមានឡើយ ក៏យ៉ាងនោះឯង។
ID: 636852662919646305
ទៅកាន់ទំព័រ៖