ព្រះត្រៃបិដក ភាគ ៣៨
[៦០៣] ម្នាលអាវុសោ ចុះភិក្ខុចំរើនសតិប្បដ្ឋាន ៤ ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ ១។ ក្នុងវេទនាទាំងឡាយ ១។ ក្នុងចិត្ត ១។ ពិចារណាឃើញធម៌ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់អភិជ្ឈា និងទោមនស្សក្នុងលោក ១។ ម្នាលអាវុសោ ភិក្ខុចំរើនសតិប្បដ្ឋាន ៤ ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ យ៉ាងនេះឯង។
[៦០៤] សម័យមួយ ព្រះអនុរុទ្ធដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ នៅក្នុង អម្ពបាលិវន ជិតក្រុងវេសាលី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ។បេ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ អនុរុទ្ធ ឥន្ទ្រិយទាំងឡាយ របស់អ្នកជ្រះថ្លា សម្បុរមុខរបស់អ្នក បរិសុទ្ធផូរផង់។ ឥឡូវនេះ ព្រះអនុរុទ្ធដ៏មានអាយុ ច្រើននៅដោយវិហារធម៌ដូចម្តេច។
ID: 636852663153829700
ទៅកាន់ទំព័រ៖