ព្រះត្រៃបិដក ភាគ ៣៨
[៦២០] ម្នាលអាវុសោ មួយទៀត ខ្ញុំរលឹកឃើញនូវបុព្វេនិវាសច្រើនប្រការ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។ រលឹកឃើញដូចម្តេច។ គឺ ១ ជាតិ ២ ជាតិ។បេ។ រលឹកឃើញ នូវបុព្វេនិវាស ច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដូច្នេះ។
[៦២១] ម្នាលអាវុសោ មួយទៀត ខ្ញុំមើលឃើញនូវពួកសត្វ កំពុងច្យុត កំពុងកើត ដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ ជារបស់មនុស្សធម្មតា។បេ។ ខ្ញុំដឹងច្បាស់ នូវពួកសត្វ ចូលទៅកើត តាមយថាកម្ម។បេ។ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុ ជារបស់មនុស្សធម្មតា ដូច្នេះ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ៤ នេះដែរ។
[៦២២] ម្នាលអាវុសោ មួយទៀត ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តនៅ ក៏ព្រោះតែចំរើន ធ្វើឲ្យច្រើន នូវសតិប្បដ្ឋាន ទាំង ៤ នេះដែរ។
ចប់ ទុតិយវគ្គ។
ID: 636852665272980908
ទៅកាន់ទំព័រ៖