ព្រះត្រៃបិដក ភាគ ៣៨
កាលភិក្ខុនោះ មានប្រក្រតី ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ សេចក្តីក្តៅក្រហាយ ដោយកិលេស មានធម៌ជាអារម្មណ៍ រមែងកើតឡើង ក្នុងកាយក្តី សេចក្តីរួញរា នៃចិត្តក្តី ចិត្តរសាត់អណ្តែត ទៅកាន់អារម្មណ៍ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុក ក្នុងនិមិត្ត ដែលគួរជាទីជ្រះថ្លាណាមួយចុះ។ កាលបើភិក្ខុនោះ តាំងចិត្តទុក ក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយបានហើយ បាមោជ្ជៈ ក៏កើតឡើង កាលភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ ភិក្ខុដែលមានកាយស្ងប់ រមែងសោយនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុដែលមានសេចក្តីសុខ រមែងតាំងនៅខ្ជាប់ខ្ជួន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បីប្រយោជន៍ឯណា ប្រយោជន៍របស់អាត្មាអញនោះ បានសម្រេចហើយ ណ្ហើយចុះ ឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត។ ភិក្ខុនោះ ទើបប្រមូលមកនូវចិត្តផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ក្នុងខាងក្នុង (អារម្មណ៍ជាទីគោចរ)។ ម្នាលអានន្ទ ការតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង។
ID: 636852241633460114
ទៅកាន់ទំព័រ៖