ព្រះត្រៃបិដក ភាគ ៣៨
[៤២] ម្នាលអានន្ទ ចុះការមិនតាំងចិត្ត ហើយភាវនា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ តែងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានតាំងទុកក្នុងអារម្មណ៍ខាងក្រៅ មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។
[៤៣] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅហើយ ក៏ដឹងច្បាស់ថាចិត្តអាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ ទាំងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយទៀត តែងដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។
ID: 636852241942047764
ទៅកាន់ទំព័រ៖