ព្រះត្រៃបិដក ភាគ ៣៨
[៥០] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។
[៥១] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នកកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។
ID: 636852243565220604
ទៅកាន់ទំព័រ៖