ព្រះត្រៃបិដក ភាគ ៣៨

 ​[​៥៨​]​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​និង​ចុន្ទ​សាមណេរ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុន្ទ​សាមណេរ​នេះ​ ​បាន​និយាយ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បរិនិព្វាន​ហើយ​ ​នេះ​បាត្រ​ចីវរ​របស់​លោក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មួយទៀត​ ​កាយ​របស់ខ្ញុំ​ព្រះអង្គ​ ​ហាក់ដូចជា​រឹង​ស្តូកស្តឹង​ ​ទាំង​ទិស​ទាំងឡាយ​ ​ក៏​មិន​ប្រាកដ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ទាំង​ធម៌​ទាំងឡាយ​ ​ក៏​មិន​ភ្លឺច្បាស់​ ​ដល់​ខ្ញុំ​ព្រះអង្គ​ដែរ​ ​ព្រោះ​បានឮ​ថា​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​បរិនិព្វាន​ទៅ​ហើយ​។​
 [​៥៩​]​ ​ម្នាល​អានន្ទ​ ​សារីបុត្ត​នាំ​យក​សីលក្ខន្ធ​ ​បរិនិព្វាន​ទៅ​ហើយ​ឬ​ ​នាំ​យក​សមា​ធិ​ក្ខន្ធ​ ​បរិនិព្វាន​ទៅ​ហើយ​ឬ​ ​នាំ​យក​បញ្ញា​ក្ខន្ធ​ ​បរិនិព្វាន​ទៅ​ហើយ​ឬ​ ​នាំ​យក​វិ​មុ​ត្តិ​ក្ខន្ធ​ ​បរិនិព្វាន​ទៅ​ហើយ​ឬ​ ​នាំ​យក​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​បរិនិព្វាន​ទៅ​ហើយ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​របស់ខ្ញុំ​ព្រះអង្គ​ ​នាំ​យក​សីលក្ខន្ធ​ ​បរិនិព្វាន​ទៅ​ក៏ទេ​។​បេ​។​ ​នាំ​យក​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​បរិនិព្វាន​ទៅ​ក៏ទេ​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636852244782420224
ទៅកាន់ទំព័រ៖