ព្រះត្រៃបិដក ភាគ ៣៨
បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ លោកជាអ្នកប្រដៅ ជាអ្នកពន្យល់ ជាអ្នកបំភ្លឺ ជាអ្នកបបួល ជាអ្នកឲ្យអាចហាន ជាអ្នកឲ្យរីករាយ ជាអ្នកមិនខ្ជិលច្រអូស ជាអ្នកអនុគ្រោះ ដល់ពួកសព្រហ្មចារ្យ ដោយធម៌ទេសនា យើងខ្ញុំទាំងឡាយ តែងរឭកតាមនូវធម្ម ឱជារស ធម្មសម្បត្តិ ធម្មានុគ្រោះ របស់ព្រះសារីបុត្តដ៏មានអាយុនោះ។
[៦០] ម្នាលអានន្ទ ដំណើរនោះ តថាគតបានប្រាប់មុនហើយថា ការផ្សេងៗគ្នា ការព្រាត់ប្រាស់គ្នា ការប្រព្រឹត្តទៅទីទៃពីគ្នា ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ ជាទីពេញចិត្ត ម្នាលអានន្ទ អ្នកគប្បីបានដំណើរនោះអំពីទីឯណា ដូច្នេះមិនមែនឬ។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ របស់នោះឯង តែងមានសេចក្តីវិនាសទៅជាធម្មតា ។ បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំបីវិនាសឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។
ID: 636852244974761225
ទៅកាន់ទំព័រ៖