ព្រះត្រៃបិដក ភាគ ៣៨
[៦៩] ម្នាលភិក្ខុទាំងឡាយ មែនពិត ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលជាអំណឹះ អំពីតថាគតទៅក្តី នឹងយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណានីមួយ ជាសិក្ខាកាម (អ្នកប្រាថ្នានូវការសិក្សា) ភិក្ខុទាំងនុ៎ះ នឹងមានសេចក្តីចំរើន ដរាបដល់កាលជាទីបំផុត។
[៧០] សាវត្ថីនិទាន។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះពាហិយៈ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ បើបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើម នៃកុសលធម៌សិន។ ចុះអ្វីជាដើម នៃកុសលធម៌។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។
ID: 636852246841407991
ទៅកាន់ទំព័រ៖