ព្រះត្រៃបិដក ភាគ ៣៨
[៧១] ម្នាលពាហិយៈ កាលណាបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ល្អហើយ ម្នាលពាហិយៈ លំដាប់អំពីនោះទៅ អ្នកគប្បីអាស្រ័យសីល ដំកល់នៅក្នុងសីល ហើយចំរើននូវសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តី ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ចូរពិចារណា ឲ្យឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលពាហិយៈ កាលណាបើអ្នកនឹងអាស្រ័យសីល ដំកល់នៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ទាំង៤នេះ យ៉ាងនេះឯង ម្នាលពាហិយៈ លំដាប់អំពីនោះទៅ យប់ក្តី ថ្ងៃក្តី នឹងមក ដល់អ្នក សេចក្តីចំរើន នឹងប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនបានសាបសូន្យឡើយ។
ID: 636852247029238735
ទៅកាន់ទំព័រ៖