ព្រះត្រៃបិដក ភាគ ៣៨
[៧២] គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌ ដ៏ប្រសើរនោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះពាហិយៈដ៏មានអាយុ ក៏ជាព្រះអរហន្ត ១ អង្គដែរ។
ID: 636852247233970445
ទៅកាន់ទំព័រ៖