ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ពោលទៅនឹងកូនសិស្ស ឈ្មោះមេទកថាលិកា ដូច្នេះថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូររក្សាយើង យើងនឹងរក្សាអ្នក កាលបើយើងទាំងពីរនាក់ គ្រប់គ្រងគ្នានិងគ្នា រក្សាគ្នានិងគ្នា យ៉ាងនេះហើយ នឹងសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាល ដោយសួស្តីផង។
[៨២] ម្នាលភិក្ខុទាំងឡាយ កាលបើបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ពោលយ៉ាងនេះហើយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ក៏ពោលតបទៅនឹងបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ដូច្នេះថា បពិត្រលោកអាចារ្យ ហេតុនុ៎ះ មិនទំនងទេ បពិត្រលោកអាចារ្យ លោកចូររក្សាខ្លួន (លោក) ចុះ ខ្ញុំនឹងរក្សាខ្លួន (ខ្ញុំ) ដែរ កាលបើយើងទាំងពីរនាក់ បានគ្រប់គ្រងខ្លួន រក្សាខ្លួន យ៉ាងនេះហើយ នឹងបានសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាលដោយសួស្តីផង។ នុ៎ះជាឧបាយ ក្នុងការរក្សាខ្លួននោះ។ កូនសិស្សឈ្មោះមេទកថាលិកា ពោលទៅនឹងអាចារ្យ យ៉ាងណា ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់នូវរឿងនុ៎ះ (យ៉ាងនោះដែរ)។ ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវសេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សាអ្នកដទៃ
ID: 636852249275267200
ទៅកាន់ទំព័រ៖