ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសាកសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្ម មិនសាបសូន្យ។ ករុណា អាវុសោ។
[៩៨] ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។
ID: 636852251968451241
ទៅកាន់ទំព័រ៖