ព្រះត្រៃបិដក ភាគ ៣៨
[១០២] ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅ អស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។
ID: 636852252621328584
ទៅកាន់ទំព័រ៖