ព្រះត្រៃបិដក ភាគ ៣៨
[១០៥] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា សេក្ខៈ សេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះសេក្ខៈ តើដូចម្តេច។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក
(១) នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក នៃសតិប្បដ្ឋាន ៤ នេះឯង។
(១) សតិប្បដ្ឋាន ដែលភិក្ខុចំរើនបាន សម្រេចត្រឹមមគ្គ ៤ ផល ៣ ហៅថា ចំណែក (បទេសភាវនា) អដ្ឋកថា។
ID: 636852253094685658
ទៅកាន់ទំព័រ៖