ព្រះត្រៃបិដក ភាគ ៣៨
[១៣] គ្រានោះឯង ភិក្ខុនោះក៏រីករាយ អនុមោទនា ចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធើ្វប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ ចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ទើបដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។
ID: 636852235719461852
ទៅកាន់ទំព័រ៖