ព្រះត្រៃបិដក ភាគ ៣៨
[១១២] ម្នាលគហបតី អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅ បានស្រួលដែរឬ ទុក្ខវេទនា រមែងធូរថយទៅ មិនចំរើនឡើង ការថយទៅ (នៃទុក្ខវេទនា) រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ខ្លាំងពេកណាស់ រមែងចំរើនឡើង មិនបានធូរថយទេ ការចំរើនឡើង រមែងប្រាកដ ឯការធូរថយទៅ មិនប្រាកដទេ។
[១១៣] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា អាត្មាអញ នឹងពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ អាត្មាអញ នឹងពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលគហបតី អ្នកគប្បីសិក្សា យ៉ាងនេះចុះ។
ID: 636852254271972995
ទៅកាន់ទំព័រ៖