ព្រះត្រៃបិដក ភាគ ៣៨
[១១៦] និទានដដែលនោះទៀត។ សម័យនោះឯង មានទិន្នគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ គ្រានោះ មានទិន្នគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន អ្នកចូរមកនេះ។បេ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មម ប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ធ្ងន់ពេកណាស់ រមែងចំរើនឡើង មិនធូរថយទៅទេ ការចំរើនឡើង រមែងប្រាកដ ឯការធូរថយទៅ មិនប្រាកដទេ។
[១១៧] បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាត្រូវទុក្ខវេទនា មានសភាពដូច្នេះ ប៉ះពាល់ហើយ ក៏ពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។
ID: 636852254719998621
ទៅកាន់ទំព័រ៖