ព្រះត្រៃបិដក ភាគ ៣៨

សុត្តន្ត​បិដក​
​សំយុត្ត​និកាយ​ ​មហា​វារ​វគ្គ​ ​
​ទសម​ភាគ​
​សតិ​ប្ប​ដ្ឋាន​សំយុត្ត​
​អម្ព​បាលិ​វគ្គ​


 [​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​អម្ព​បាលិ​វន​(​១​)​ ​ជិត​ក្រុង​វេសាលី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​។​
​(​១​)​ ​អម្ព​បាលិ​វន​នេះ​ ​គឺ​ព្រៃស្វាយ​ ​ដែល​នាង​អម្ព​បាលិ​ ​បាន​ដាំ​ទុក​ធ្វើ​សួន​ឱទ្យាន​របស់​នាង​។​ ​តមក​ ​នាង​បាន​ស្តាប់​ធម្មទេសនា​ ​របស់​ព្រះ​សាស្តា​ ​មានចិត្ត​ជ្រះថ្លា​ ​ទើប​ឲ្យ​កសាង​ព្រះវិហារ​ ​ក្នុង​ឱទ្យាន​នោះ​ ​ហើយ​វេរ​ថ្វាយ​ចំពោះ​ព្រះអង្គ​។​ ​អដ្ឋកថា​។​
ទំព័រទី ១ | បន្ទាប់
ID: 636852233929839492
ទៅកាន់ទំព័រ៖