ព្រះត្រៃបិដក ភាគ ៣៨
[១៣៦] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ធម៌ ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវធម៌។
[១៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានភាវនា ទាំង៤ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា ៤។
ID: 636852265049099412
ទៅកាន់ទំព័រ៖