ព្រះត្រៃបិដក ភាគ ៣៨
មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញ នូវសភាព ជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ ពិចារណាឃើញ នូវសភាពជាទីវិនាសទៅក្នុងវេទនាទាំងឡាយ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើងឡើង និងសភាព ជាទីវិនាសទៅ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្តក៏ដូចគ្នា។ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា ។
[១៤០] ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា តើដូចម្តេច។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា។
ចប់ អននុស្សុតវគ្គ ទី ៤។
ID: 636852265542897655
ទៅកាន់ទំព័រ៖