ព្រះត្រៃបិដក ភាគ ៣៨
[១៤៤] ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសោក និងខ្សឹកខ្សួល ដើម្បីរលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញចិត្តក្នុងចិត្ត ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបានក្តី។ ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។
ID: 636852266448809471
ទៅកាន់ទំព័រ៖