ព្រះត្រៃបិដក ភាគ ៣៨
[១៥៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវ អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤ នេះ។
ID: 636852268344317887
ទៅកាន់ទំព័រ៖