ព្រះត្រៃបិដក ភាគ ៣៨
[១៥៨] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ ប្រការ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា ៣ មានប្រការដូច្នេះឯង។
[១៥៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។
ID: 636852268554179891
ទៅកាន់ទំព័រ៖