ព្រះត្រៃបិដក ភាគ ៣៨
[១៧៩] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សមាធិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងឈាន ទាំង ៤។
[១៨០] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងទីដូចម្តេច។ បណ្តាឥន្ទ្រិយទាំងនុ៎ះ បញ្ញិន្ទ្រិយ បណ្ឌិតគប្បីឃើញ ក្នុងអរិយសច្ច ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៥ ប្រការ ដូច្នេះឯង។
[១៨១] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។
[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជា្របច្បាស់ នូវត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាស្មើ ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។
ID: 636852271780964452
ទៅកាន់ទំព័រ៖