ព្រះត្រៃបិដក ភាគ ៣៨
[១៩] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ។ បេ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់នេះ គឺ នីវរណៈទាំង ៥ នេះឯង។ នីវរណៈទាំង ៥ តើអ្វីខ្លះ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះ នីវរណៈ ទាំង ៥ នេះឯង។ ម្នាលភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺ នីវរណៈទាំង ៥នេះឯង។
[២០] ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋាន ទាំង ៤។ មា្នលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺ សតិប្បដ្ឋាន ទាំង ៤ នេះឯង។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។
ID: 636852236791833189
ទៅកាន់ទំព័រ៖