ព្រះត្រៃបិដក ភាគ ៣៨
មុទុតរវគ្គ
[១៩៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។
[១៩៤] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវ ត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។
[១៩៥] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធ នូវសម្មប្បធាន ៤ រមែងបាននូវសេចក្តីព្យាយាមឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។
[១៩៦] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធ នូវសតិប្បដ្ឋាន ៤ រមែងបាននូវសតិឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។
ID: 636852273665332232
ទៅកាន់ទំព័រ៖