ព្រះត្រៃបិដក ភាគ ៣៨
ជាសត្តក្ខត្តុំបរមៈ ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់កោលង្កោលៈនោះ ជាធម្មានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់សត្តក្ខត្តុំបរមៈនោះ ជាសទ្ធានុសារី ព្រោះមានឥន្ទ្រិយ ៥ ទន់ជាងឥន្ទ្រិយ របស់ធម្មានុសារីនោះ។
[២២៤] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ មាន ៦ ប្រការ ដូច្នេះឯង។
[២២៥] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៦ ប្រការ។ ឥន្ទ្រិយ ៦ ប្រការ ដូចម្តេចខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។
[២២៦] ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវកដឹងច្បាស់តាមពិត នូវសេចក្តីកើត រលត់ អានិសង្ស ទោស និងការរលាស់ចេញ នូវឥន្ទ្រិយ ៦ នេះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថាសោតាបន្ន មានកិរិយាមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ។
ID: 636852606045883312
ទៅកាន់ទំព័រ៖