ព្រះត្រៃបិដក ភាគ ៣៨
ម្នាលភិក្ខុទាំងឡាយ អរិយសាវកនេះ ហៅថា សោតាបន្នបុគ្គល មានកិរិយាមិនធ្លាក់ចុះ ក្នុងអបាយជាធម្មតា ជាបុគ្គលទៀង ជាអ្នកមានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។
[២៤០] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។
[២៤១] ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវហេតុកើតឡើងផង សេចក្តីវិនាសផង អានិសង្សផង ទោសផង ការរលាស់ចេញផង នូវឥន្ទ្រិយទាំង ៥ នេះហើយ ជាអ្នករួចស្រឡះ (ចាកអាសវៈ) ព្រោះមិនប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយធម៌ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ច បានធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍ របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈ ក្នុងភពអស់ហើយ ជាអ្នករួចស្រឡះ ព្រោះដឹងដោយប្រពៃ។
[២៤២] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ឥន្ទ្រិយ ៥យ៉ាង គឺអ្វីខ្លះ។ គឺសុខិន្ទ្រិយ ១ ទុក្ខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។
ID: 636852608192416087
ទៅកាន់ទំព័រ៖