ព្រះត្រៃបិដក ភាគ ៣៨
[២៨០] ម្នាលភិក្ខុទាំងឡាយ ទុក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទុក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទុក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទុក្ខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ ដឹងច្បាស់ នូវទុក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើង នៃទុក្ខិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយផង ទុក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងទីឯណា ក៏រលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះទុក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ រមែងចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក។ ទុក្ខិន្ទ្រិយ កើតឡើងក្នុងបឋមជ្ឈាននេះ តែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។
ID: 636852611873286621
ទៅកាន់ទំព័រ៖