ព្រះត្រៃបិដក ភាគ ៣៨
ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។ សមាធិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង សមាធិន្ទ្រិយនោះ ប្រព្រឹត្តទៅដើម្បីត្រាស់ដឹង។ បញ្ញិន្ទ្រិយ ជាធម៌ចំណែកខាងការត្រាស់ដឹង បញ្ញិន្ទ្រិយនោះ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង។
[៣៤៩] ម្នាលភិក្ខុទាំងឡាយ ស្រេចលើសីហៈ ជាស្តេចនៃម្រឹគ ប្រសើរជាងពួកសត្វតិរច្ឆានទាំងអស់ ដោយកំឡាំង ដោយសន្ទុះ ដោយសេចក្តីក្លៀវក្លា ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ស្រេចលើបញ្ញិន្ទ្រិយ ប្រសើរជាងពួកធម៌ចំណែកខាងការត្រាស់ដឹងទាំងអស់ ដោយការត្រាស់ដឹង ដូច្នោះឯង។
[៣៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះឧរុវេលកប្បៈ របស់ពួកអ្នកស្រុកមល្លក ក្នុងមល្លកជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា
[៣៥១] ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ មិនបានកើតឡើង ដល់អរិយសាវកត្រឹមណា ឥន្ទ្រិយទាំង ៤ ក៏មិនទាន់ស្ថិតនៅត្រឹមនោះ ឥន្ទ្រិយទាំង ៤ មិនបានស្ថិតនៅស៊ប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ អរិយញ្ញាណ កើតឡើងដល់អរិយសាវកកាលណា ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅកាលនោះ ឥន្ទ្រិយទាំង ៤ ក៏ស្ថិតនៅស៊ប់កាលនោះ។
ID: 636852620886112125
ទៅកាន់ទំព័រ៖