ព្រះត្រៃបិដក ភាគ ៣៨
[៣៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអសេក្ខបុគ្គល រមែងដឹងច្បាស់ នូវឥន្ទ្រិយទាំង ៦ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១ មនិន្ទ្រិយ ១។ រមែងដឹងច្បាស់ថា ឥន្ទ្រិយ ទាំង ៦ នេះឯង គង់នឹងរលត់ទៅ អស់ទាំងអស់គ្រប់អន្លើ ឥតមានសល់ផង ឥន្ទ្រិយទាំង ៦ ដទៃទៀត គង់នឹងមិនកើតឡើង ក្នុងកាលខ្លះៗផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអសេក្ខបុគ្គល ស្ថិតនៅក្នុងអសេក្ខភូមិ អាស្រ័យបរិយាយនេះឯង ទើបដឹងច្បាស់ថា អាត្មាអញ ជាអសេក្ខបុគ្គល។
[៣៦១] ម្នាលភិក្ខុទាំងឡាយ ស្នាមជើងរបស់ពួកសត្វ ដែលនៅលើផែនដី តែងប្រជុំចុះ ក្នុងស្នាមជើងដំរី ស្រេចលើស្នាមជើងដំរី ប្រសើរជាងស្នាមជើងសត្វទាំងអស់ ព្រោះស្នាមជើងវាធំ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ បទ គឺចំណែកធម៌ទាំងឡាយ ដែលប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ស្រេចលើបទ គឺបញ្ញិន្ទ្រិយ ប្រសើរជាងឥន្ទ្រិយទាំងអស់ ដោយការត្រាស់ដឹង ក៏ដូច្នោះឯង។
ID: 636852622060099273
ទៅកាន់ទំព័រ៖